http://www.nagaworld.com/

Saturday, March 10, 2012

មន្រ្តីកម្ពុជា ធ្វើការមិនដិតដល់ ចំពោះជនបរទេស ២នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា

ភ្នំពេញ៖ ក្រុមមន្រ្តីកម្ពុជា បានថ្លែងអះអាងថា ខ្លួនមិនដឹងពី សំណង ត្រូវសងទៅជនបរទេសដែលពួកគេបាន ជួបគ្រោះថ្នាក់ចរាចរណ៍នៅ ក្នុងទឹកដីខេត្តកោះកុង នាពេលកន្លងមក ព្រោះបញ្ហានេះ ក្រុមហ៊ុនជាអ្នក ទទួលខុស។
លោកឧត្តមសេនីយឯក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ចំពោះបញ្ហាសំណង ថាត្រូវសងទៅជនបរទេស រងគ្រោះប៉ុន្មាននោះ លោកមិនដឹងទេ ប៉ុន្តែក្រុមសមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបរ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ ហើយ«សំណងត្រូវទាក់ទងទៅក្រុមហ៊ុន តើគេមានអ៊ីនសួរិន (ការធានារ៉ាប់រង)យ៉ាងម៉េច ទាល់តែសួរទៅក្រុមហ៊ុនទើបដឹង»។
ព្រមជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ក៏មានប្រសាសន៍ឲ្យដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យមានជនបរទេស២នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងមក លោកមិនបានដឹងទេ «អត់ទេ ខ្ញុំអត់ទាន់បានទទួលព័ត៌មានហ្នឹង រឿងការដោះស្រាយយ៉ាងម៉េចនោះ ខ្ញុំអត់បានជ្រាប»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់បង្កឡើងដោយក្រុមហ៊ុនក្នុងស្រុក មួយនោះ ដែលធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ មិនមែនមានតែអ្នកទេសចរណ៍បរទេស ទេដែលស្លាប់ សូម្បីតែពលរដ្ឋខ្មែរក៏ស្លាប់ក្នុងឧបទ្ទវហេតុនោះដែរ ដោយគ្មានអ្នកណាម្នាក់ចង់ឲ្យកើតឡើងទេ ព្រោះវាបានកើតឡើងដោយចៃដន្យ។ ប៉ុន្តែទោះបីជាយ៉ាងក្រសួងទេសចរណ៍ របស់លោក នឹងសហការជាមួយ ក្រសួងសាធារណការ ដើម្បីធ្វើការផ្សព្វផ្សាយដល់ក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់នៅកម្ពុជា ឲ្យយល់ពីច្បាប់ ចរាចរណ៍ មុននឹងចេញដំណើរត្រូវត្រួតពិនិត្យរថយន្តឲ្យបានត្រឹមត្រូវ ជាពិសេសអ្នកបើកបរត្រូវមានស្មារតី និងទទួលខុសត្រូវខ្ពស់ក្នុងពេលកាន់ចង្កូត។
លោកបញ្ជាក់ថា «កាលណាឡានដឹកអ្នកដំណើរ ដែលមានករណីខ្លះ ទៅតាមតំបន់ទេសចរណ៍វាមានប្រកាស អន្តរក្រសួង គឺថាគ្រប់ឡានទាំងអស់ ត្រូវគោរពទៅតាមច្បាប់ឲ្យបានត្រឹមត្រូវ ព្រោះច្បាប់មានអស់ហើយ យើងមានការសោកស្តាយចំពោះគ្រោះថ្នាក់នេះ យើងអត់ចង់ឲ្យមានទេ»។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងសុំការអធិប្បាយពីក្រុមហ៊ុន រិទ្ធិ មុនីបានទេ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ មានគ្រោះថ្នាក់ចរាចរណ៍មួយបាន កើតឡើងនៅក្បែរគល់ស្ពានតាតៃ ខេត្តកោះកុង បង្កឡើងដោយក្រុមហ៊ុនរិទ្ធិមុនី ដែលបណ្តាលឲ្យជនបរទេសចំនួន១៦នាក់បានរងរបួសធ្ងន់ស្រាល និងមានជនបរទេស២នាក់ស្លាប់។ ជនបរទេសស្លាប់នោះជាស្រ្តីជនជាតិអូទ្រីស វ័យ ៧២ឆ្នាំ និងម្នាក់ទៀត ជនជាតិរុស្ស៊ី។ ដោយឡែកពលរដ្ឋខ្មែរចំនួន ៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះក្មេងស្រីអាយុ ៧ឆ្នាំ បានដាច់ដៃខាងឆ្វេងត្រឹមស្មា។
ជាមួយគ្នានេះ ប្រជាពលរដ្ឋជាច្រើននាក់ សូមអំពាវនាវឱ្យបណ្ដាក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់នៅក្នុងស្រុក ត្រូវរឹតបន្ដឹង និងអប់រំអ្នកបើករថយន្ដរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ ជៀសវាង ធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួសដោយសារតែអ្នកបើករថយន្ដម្នាក់នោះ។សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខេត្ដកោះកុងបានឱ្យដឹងថា រថយន្ដក្រុងមួយគ្រឿង របស់ក្រុមហ៊ុនផារ៉ាម៉ោនដែលទទួលដឹកភ្ញៀវពីក្រុមហ៊ុន រិទ្ធ មុន្នី បានក្រឡាប់បន្ទាប់ពីចុះចំណោទ ហើយបែកកង់បណ្ដាលឱ្យអ្នកដំណើរដែលជិះនៅក្នុងរថយន្ដជិត ៥០នាក់ រងរបួសធ្ងន់ ស្រាល និងស្លាប់៕

0 comments:

Post a Comment

 
រចនាដោយ រស់សុភាព | អាស័យដ្ឋាន ឈ្មោះ - ទីក្រុងប៉ោយប៉ែត | ចេញពី សាលាបច្ចេកទេសដុនបូស្គូ